Four Bloomberg Interviews, One National Message [o6XHhUMiFsd]

បទសម្ភាសន៍ចំនួនបួនជាមួយ Bloomberg (ប្លូមបើគ) សាររបស់ជាតិរួមតែមួយ ក្នុងសប្តាហ៍នេះ Bloomberg (ប្លូមបើគ) មិនបានសម្ភាសតែមេដឹកនាំកម្ពុជាម្នាក់ទេ។ Bloomberg (ប្លូមបើគ) បានសម្ភាសមន្ត្រីជាន់ខ្ពស់កម្ពុជាចំនួនបួនរូប៖ - នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ - ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ - រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល។ - និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កែវ រតនៈ។ មើលពីដំបូង វាហាក់ដូចជាបទសម្ភាសន៍បួនផ្សេងៗគ្នា។ ប៉ុន្តែបើយើងថយក្រោយមួយជំហាន ហើយមើលរូបភាពទាំងមូល យើងនឹងឃើញអ្វីមួយធំជាងនេះ។ នេះមិនមែនគ្រាន់តែជាការចុះផ្សាយព័ត៌មានធម្មតាទេ។ វាហាក់ដូចជាការរៀបចំបង្ហាញរូបភាពកម្ពុជាទៅកាន់ពិភពលោក ដោយមានការសម្របសម្រួល តាមរយៈបទសម្ពាសន៏។ មន្ត្រីនីមួយៗនិយាយពីវិស័យខុសៗគ្នា តាមតួនាទីរបស់ខ្លួន។ លោក ហ៊ុន ម៉ាណែត និយាយអំពីអភិបាលកិច្ច ឧក្រិដ្ឋកម្មអ៊ីនធឺណិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក ស៊ុន ចាន់ថុល ផ្តោតលើការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ លោកស្រី ចម និម្មល ពន្យល់អំពីពាណិជ្ជកម្ម ការនាំចេញ ការផលិត និងរបៀបដែលកម្ពុជាកំពុងសម្របខ្លួនទៅនឹងការប្រែប្រួលនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោក កែវ រតនៈ និយាយអំពីសន្តិសុខថាមពល ការផ្គត់ផ្គង់អគ្គិសនី និងការធានាថា កំណើនសេដ្ឋកិច្ចនាពេលអនាគតមានថាមពលគ្រប់គ្រាន់សម្រាប់គាំទ្រ។ ប្រធានបទខុសគ្នា។ ក្រសួងខុសគ្នា។ ប៉ុន្តែសារដែលចេញមក មានទិសដៅតែមួយ។ កម្ពុជាចង់ឲ្យពិភពលោកដឹងថា ប្រទេសនេះកំពុងត្រៀមខ្លួនសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។ ឥឡូវនេះ សូមគិតអំពីអ្នកទស្សនារបស់ Bloomberg (ប្លូមបើគ)។ Bloomberg មិនមែនគ្រាន់តែជាប៉ុស្តិ៍ទូរទស្សន៍មួយទេ។ អ្នកទស្សនារបស់ខ្លួនរួមមាន នាយកប្រតិបត្តិក្រុមហ៊ុនធំៗ មូលនិធិវិនិយោគ ក្រុមហ៊ុនពហុជាតិ ធនាគារ អ្នករៀបចំគោលនយោបាយ និងរដ្ឋាភិបាលនានាជុំវិញពិភពលោក។ ប្រសិនបើប្រទេសមួយចង់ណែនាំខ្លួនទៅកាន់អ្នកសម្រេចចិត្តកម្រិតពិភពលោក Bloomberg គឺជាវេទិកាដ៏មានឥទ្ធិពលបំផុតមួយ។ ឥឡូវសូមមើលលំដាប់នៃសារ។ នាយករដ្ឋមន្ត្រីនិយាយអំពីភាពដឹកនាំនយោបាយ និងសន្តិសុខ។ មន្ត្រីទទួលបន្ទុកវិនិយោគនិយាយអំពីឱកាស។ រដ្ឋមន្ត្រីពាណិជ្ជកម្មនិយាយអំពីពាណិជ្ជកម្ម និងការនាំចេញ។ រដ្ឋមន្ត្រីថាមពលពន្យល់ថា តើកំណើនសេដ្ឋកិច្ចនាពេលអនាគតនឹងត្រូវបានផ្គត់ផ្គង់ថាមពលយ៉ាងដូចម្តេច។ រួមគ្នា ពួកគេបានឆ្លើយសំណួរសំខាន់បួន ដែលវិនិយោគិនគ្រប់រូបតែងតែសួរ៖ តើប្រទេសនេះមានស្ថិរភាពដែរឬទេ? តើខ្ញុំអាចវិនិយោគនៅទីនោះបានដែរឬទេ? តើខ្ញុំអាចផលិត និងនាំចេញដោយជោគជ័យបានដែរឬទេ? តើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលអាចគាំទ្រអាជីវកម្មរបស់ខ្ញុំបានដែរឬទេ? នេះគឺជារឿងរ៉ាវពេញលេញមួយ។ ប៉ុន្តែថា យុទ្ធសាស្ត្រនេះនឹងជោគជ័យឬអត់ មិនអាចកំណត់ដោយបទសម្ភាសន៍តែប៉ុណ្ណោះទេ។ វិនិយោគិននឹងមើលថា តើមានអ្វីកើតឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ឬរហូតដល់ចុងឆ្នាំនេះ។ តើការបង្ក្រាបឧក្រិដ្ឋកម្មអ៊ីនធឺណិតនឹងបន្តឬទេ? តើកំណែទម្រង់នឹងបន្តឬទេ? តើការវិនិយោគថ្មីៗនឹងចូលមកឬទេ? តើសន្និសីទអន្តរជាតិស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណិតនាពេលខាងមុខ នឹងបង្កើតកិច្ចសហប្រតិបត្តិការដែលមានន័យ និងមានលទ្ធផលជាក់ស្តែងឬទេ? សំណួរទាំងនេះហើយ នឹងកំណត់កេរ្តិ៍ឈ្មោះរបស់កម្ពុជា! ព្រោះសុន្ទរកថា អាចណែនាំប្រទេសមួយឲ្យពិភពលោកស្គាល់។ គោលនយោបាយ អាចដឹកនាំទិសដៅរបស់ប្រទេសមួយ។ ប៉ុន្តែលទ្ធផលទេ ដែលជាអ្នកកំណត់អត្តសញ្ញាណ និងតម្លៃពិតរបស់ប្រទេសមួយ។